- កម្ពុជាប្រកាសគាំទ្រទាំងស្រុង ចំពោះសេចក្តីសម្រេចរបស់ តុលាការ ICJ
ដោយៈ សយ សុភាព
ភ្នំពេញៈ តុលាការកំពូលរបស់អង្គការ សហប្រជាជាតិ (ICJ) ដែលមានមូលដ្ឋាននៅ ទីក្រុងឡាអេ ប្រទេសហូឡង់ នៅរសៀល ម៉ោង៣ម៉ោងនៅរាជធានីភ្នំពេញ ត្រូវនឹង ម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងឡាអេថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១១ ប្រធានក្រុម ប្រឹក្សាជំនុំជម្រះ នៃតុលាការយុត្ដិធម៌អន្ដរ ជាតិ បានអានសេចក្ដីសម្រេច ដោយសម្រេច ឱ្យប្រទេសថៃ និងកម្ពុជា ដកកងទ័ពបស់ខ្លួន ចេញពីខ្សែបន្ទាត់ព្រំដែនជម្លោះជាបន្ទាន់។
ការប្រកាសសេចក្ដីសម្រេចរបស់ចៅ ក្រមទាំង១៦រូបខាងលើនេះ បានធ្វើឡើង នៅវិមានសន្ដិភាព ដោយមានការចូលរួមពី រដ្ឋមន្ដ្រីក្រសួងការបរទេស នៃប្រទេសទាំង ពីរ។ ប្រទេសកម្ពុជាដឹកនាំដោយឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស លោក ហោ ណាំហុង រីឯប្រទេសថៃដឹកនាំ ដោយ លោក កាស៊ីតភារម្យា រដ្ឋមន្ដ្រីក្រសួងការ បរទេសដែលនឹងជិតចាកចេញពីតំណែងក្នុង ពេលឆាប់ៗនេះ ។
អ្នកវិភាគនយោបាយបានហៅការសម្រេច របស់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ ថា ជា ការបរាជ័យរបស់ប្រទេសថៃ ដែលបានព្យា យាមបញ្ចុះបញ្ចូលតុលាការ ពិភពលោកមួយ នេះ ឱ្យពន្យារពេលបើកសវនាការទៅតាម បណ្ដឹងរបស់ប្រទេសកម្ពុជា ដែលប្ដឹងកាលពី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ។
ប្រទេសកម្ពុជាបានប្ដឹងទៅតុលាការអន្ដរ ជាតិទីក្រុងឡាអេ ដោយស្នើសុំ២ចំណុចធំៗ ចំណុចទី១/ក. សុំឱ្យប្រទេសថៃ ដកកងទ័ព ជាបន្ទាន់ចេញពីតំបន់ប្រាសាទ ព្រះវិហារ, ខ. សុំ ឱ្យថៃគោរពអធិបតេយ្យរបស់ប្រទេសកម្ពុជា, គ. បញ្ឈប់ការផ្ទុះអាវុធ ដែលបញ្ហាទាំងអស់ នេះ ប៉ះពាល់ដល់សាលក្រមតុលាការយុត្ដិធម៌ អន្ដរជាតិទីក្រុងឡាអេ ១៥ មិថុនា ១៩៦២។ ចំណុចទី២ ស្នើសុំឱ្យតុលាការយុត្ដិធម៌អន្ដរ ជាតិទីក្រុងឡាអេបកស្រាយសាលដីកា ១៥ មិថុនា ១៩៦២ ដែលតុលាការនេះ នឹងលើក យកទៅបើកសវនាការនៅចុងឆ្នាំ២០១១ ខាងមុខ។
ភ្លាមៗក្រោយពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានប្រកាសចេញនូវសេចក្តីសម្រេចដូចខាងលើ ប្រទេសទាំងពីរបានថ្លែងអបអរសាទរ និងសន្យាគោរពនូវសេចក្តីសម្រេចរបស់តុលាការនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍បន្ទាន់ ប៉ុន្មានម៉ោងក្រោយការប្រកាសសាលក្រម ដោយបានថ្លែងថា “រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រទាំងស្រុងនូវសេចក្តីសម្រេចខាងលើនេះ របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលជាការឆ្លើយតបយ៉ាងពេញទំហឹង ទៅនឹងការចង់បានរបស់កម្ពុជា ក្នុងការធ្វើឲ្យតំបន់ប្រាសាទព្រះវិហារ មានសន្តិភាព មានអ្នកសង្កេតការណ៍អាស៊ានចូលពិនិត្យ បទឈប់បាញ់ និងមានសកម្មភាពផ្នែកស៊ីវិលជាប្រក្រតី”។
សេចក្តថ្លែងការណ៍របស់រាជរដ្ឋាភិបាលបានបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមថា រាជរដ្ឋាភិបាលថៃឡង់ដ៍ នឹងទទួលយក ព្រមទាំងគោរពតាមសេចក្តីសម្រេច ដ៏ត្រឹមត្រូវខាងលើនេះ របស់តុលាការអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមជាស្រេច ដើម្បីស្វាគមន៍ និងសម្រួលបេសកកម្មគ្រប់យ៉ាងរបស់អ្នកសង្កេតការណ៍របស់ឥណ្ឌូនេស៊ី ដែលគ្រប់ប្រទេសអាស៊ានទាំង១០ បានអនុម័តកន្លងទៅ”។
យោងតាមព័ត៌មាន Nation នៅរសៀល ថ្ងៃចន្ទ ទី១៨ ខែកក្កដា នេះបានឱ្យដឹងថា លោក កាស៊ីត ភារម្យា រដ្ឋមន្ដ្រីក្រសួងការ បរទេសថៃ បានថ្លែងការណ៍នៅទីក្រុង ឡាអេ ប្រទេសហូឡង់ បន្ទាប់ពីតុលាការយុត្ដិធម៌ អន្ដរជាតិ ឬ ICJ បានបង្គាប់ឱ្យកម្ពុជា-ថៃ ដកទាហានចេញពីតំបន់ជុំវិញប្រាសាទព្រះ វិហារថា ភាគីថៃបានរំពឹងទុកជាមុនរួចមក ហើយថា តំបន់ដែលគ្មានទាហាន វាមិនមាន ការប៉ះពាល់ចំពោះការស្នើសុំឱ្យតុលាការ ICJ វិនិច្ឆ័យសាលក្រមឆ្នាំ ១៩៦២ សាជាថ្មីនោះ ទេ។
ចំណែកករណីតុលាការ ICJ បង្គាប់ឱ្យ កម្ពុជា-ថៃ បន្ដកិច្ចសហប្រតិបត្ដិការជាមួយ អាស៊ានភាគីថៃមានភាពត្រេកអរយ៉ាងខ្លាំង ព្រោះកន្លងមកថៃក៏បានគាំទ្រយន្ដការ ទ្វេរ ភាគីរហូតមកផងដែរ បន្ទាប់ពីមានដំណោះ ស្រាយជាកញ្ចប់ (package solution) ដែល រដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានស្នើក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេស ឥណ្ឌូនេស៊ី កាលពីពេលមុន។
លោក កាស៊ីត បន្ដទៀតថា លោកនឹង ធ្វើការពិភាក្សាជាមួយនាយករដ្ឋមន្ដ្រីចាំផ្ទះ អាប់ភីស៊ីត ដោយនាំយករឿងទាំងនេះ ធ្វើ ការប្រជុំគណៈរដ្ឋមន្ដ្រី ដើម្បីសម្រេចឱ្យមាន ប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ឬ JBC ជាបន្ទាន់មួយ។
ដោយឡែកឯកអគ្គរាជទូតថៃ ប្រចាំទីក្រុង ឡាអេប្រទេសហូឡង់ បានថ្លែងក្រោយចៅ ក្រមប្រកាសសាលក្រម នៅក្នុងតុលាការយុត្ដិ ធម៌អន្ដរជាតិ ICJ ដោយបានគាំទ្រចំពោះ សេចក្ដីសម្រេចរបស់តុលាការអង្គការសហ ប្រជាជាតិនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ តុលាការយុត្ដិធម៌អន្ដរជាតិ ទីក្រុងឡាអេ នៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១១ បានឱ្យ ដឹងថា នៅក្នុងការអានសេចក្ដីសម្រេច របស់ចៅក្រមទាំង១៦នាក់ ទាក់ទិននឹងសំណើ របស់ប្រទេសកម្ពុជានោះ ចៅក្រម១១ទល់ ៥ បានបង្គាប់ឱ្យភាគីទាំង ២ កម្ពុជា-ថៃដក កងទ័ពរបស់ខ្លួន ចេញពីខ្សែបន្ទាត់ព្រំដែន ជម្លោះជាបន្ទាន់ ។
ដោយឡែកចៅក្រម ៩ ទល់នឹង១ បាន សម្រេចដោយច្រានចោលនូវសំណើរបស់ ប្រទេសថៃ ដែលស្នើឱ្យតុលាការមិនចាត់ការ លើបណ្ដឹងរបស់ប្រទេសកម្ពុជាទាក់ទិនទៅ នឹងបញ្ហានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា ចៅក្រម ១៥ ទល់នឹង១ បានសម្រេចមិនឱ្យ ប្រទេសថៃរារាំងប្រទេស កម្ពុជាក្នុងការផ្គត់ផ្គង់ស្បៀង អាហារទៅកាន់ តំបន់ប្រាសាទព្រះវិហារ។ ចៅក្រម ១៥ទល់ ១បានស្នើឱ្យប្រទេសទាំង២កម្ពុជា-ថៃ សហ ការជាមួយប្រធានអាស៊ាន គឺប្រទេសឥណ្ឌូ នេស៊ីដាក់អ្នកសង្កេតការណ៍នៅតំបន់ប្រាសាទ ព្រះវិហារ។
សេចក្ដីប្រកាសបានបន្ដថា ចៅក្រម១៥ ទល់១ បានសម្រេចឱ្យភាគីទាំង២ កម្ពុជា-ថៃ ធ្វើការជាមួយប្រធានអាស៊ានចប់ត្រូវធ្វើ របាយការណ៍ជូន ដល់តុលាការទីក្រុងឡាអេ។
មុនការអានសម្រេច របស់ចៅក្រមនៃ តុលាការយុត្ដិធម៌ទីក្រុងឡាអេ មេបញ្ជាការ ភូមិភាគ២ របស់ថៃបានបញ្ជាក់ថា ប្រទេស ថៃនឹងមិនដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ ប្រាសាទព្រះវិហារឡើយ បើទោះបីតុលាការ អន្ដរជាតិមួយនេះសម្រេចក៏ដោយនោះ ។
មតិជុំវិញសេចក្ដីសម្រេច របស់ តុលាការយុត្ដិធម៌អន្ដរជាតិ ដែល បញ្ជាឱ្យ ថៃ-កម្ពុជា ដកកងទ័ព ចេញពីខ្សែបន្ទាត់ព្រំដែនជម្លោះ
គណបក្សនយោបាយ ក្រុមអង្គការ សង្គម ស៊ីវិល សិស្ស និស្សិត រួមទាំងប្រជាពលរដ្ឋ បាន បញ្ចេញមតិផ្សេងគ្នា ចំពោះសេចក្ដីសម្រច របស់តុលាការយុត្ដិធម៌អន្ដរជាតិ ទីក្រុងឡា អេ ដែលបានបញ្ជាឱ្យប្រទេសកម្ពុជា-ថៃ ដក កងទ័ពចេញពីតំបន់ក្បែប្រាសាទព្រះវិហារ ជាទីដែលមានជម្លោះរវាងប្រទេសទាំងពីរ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានថ្លែងថា លោកស្វាគមន៍ ដែលតុលាការអន្ដរជាតិ ទីក្រុងឡាអេ ឱ្យ កម្ពុជា-ថៃ ដកកងទ័ពចេញពីក្បែរប្រាសាទ ព្រះវិហារ ពីព្រោះប្រាសាទព្រះវិហារជារបស់ ខ្មែរ ហើយមិនបានដាក់កងទ័ពទេ គួរតែដាក់ ត្រឹមតែកម្លាំងនគរបាលយាមល្បាតបាន ហើយ ។
លោកសង្ឃឹមថា ប្រទេសថៃនឹងដកកង ទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ព្រោះបើមិនកងទ័ពចេញទេនោះ សង្គ្រាម រវាងប្រទេសទាំងពីរនៅតែបន្ដរ៉ាំរ៉ៃរហូត។
លោក អ៊ូ វីរៈ បន្ដថា “ការសម្រេចរបស់ តុលាការយុត្ដិធម៌ទីក្រុងឡាអេនេះ គឺជាការ មួយដែលត្រឹមត្រូវ។ ជាទូទៅការគ្រប់គ្រង ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ អ៊ីចឹងយើង មិនដាក់កងទ័ពទេ យើងដាក់តែប៉ូលិសយាម បានហើយ”។
ប្រធានសមាគមគ្រូ បង្រៀនកម្ពុជាឯក រាជ្យ លោក រ៉ុង ឈុន បាន សម្ដែងការមិន ពេញចិត្ដចំពោះតុលាការអន្ដរជាតិទីក្រុងឡាអេ ដែលបានសម្រេចឱ្យប្រទេស ទាំងពីរដក កងទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ជាពិសេសមិនគួរឱ្យកម្ពុជាដកទ័ពចេញនោះ ទេ ពីព្រោះប្រាសាទព្រះវិហារគឺស្ថិតនៅក្នុង ទឹកដីកម្ពុជា ហើយការដាក់កងទ័ពនេះ ក៏ ដាក់នៅលើទឹកដីកម្ពុជាដែរ។
លោកបញ្ជាក់ថា “ចំពោះខ្ញុំផ្ទាល់តុលាការ ក្រុងឡាអេ តម្រូវឱ្យកម្ពុជាដកទ័ពចេញពី ប្រាសាទព្រះវិហារនោះ គឺជារឿងមួយមិន យុត្ដិធម៌ទេ ព្រោះតំបន់ប្រាសាទព្រះវិហារ ជារបស់ខ្មែរ ហើយរឿងអ្វីបានជាឱ្យខ្មែរដក ទ័ពចេញនោះ”។
និស្សិតម្នាក់ឈ្មោះ សឹង ធារ៉ូ ជានិស្សិត ឆ្នាំទី២ នៅសកលវិទ្យាល័យបញ្ញាជាតិ បាន ឱ្យដឹងថា គេមិនគាំទ្រឡើយចំពោះតុលាការ ក្រុងឡាអេ ដែលបានឱ្យកម្ពុជា-ថៃ ដកទ័ព ចេញពីប្រាសាទព្រះវិហារ ព្រោះកម្ពុជាដាក់ កងទ័ពនៅលើទឹកដីកម្ពុជាទេ មិនបានដាក់ ទ័ពនៅលើទឹកដីថៃទេ ។
និស្សិតរូបនេះបញ្ជាក់ទៀតថា “វាមិន សមដែលឱ្យកម្ពុជាដកទ័ពចេញនោះ ត្រូវតែ ឱ្យថៃដកទ័ពចេញម្នាក់ឯងវិញទើបត្រូវ”។
កញ្ញា ចន្ធូ ជា ប្រជាពលរដ្ឋមួយរូបនៅ រាជធានីភ្នំពេញបានសម្ដែងការមិនពេញ ចិត្ដចំពោះតុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ ដែលសម្រេចឱ្យកម្ពុជា ដកទ័ពចេញពី តំបន់ក្បែរប្រាសាទព្រះវិហារ។
ព្រឹត្ដិការណ៍មុនប្រកាស សេចក្ដីសម្រេចរបស់តុលាការ ICJ
យោងតាមព័ត៌មាន Nation ជាភាសាថៃ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា បានដកស្រង់សម្ដី ឧត្ដមសេនីយ៍ ប្រាវិត ហូកែវ អ្នកនាំពាក្យ កងទ័ពភូមិភាគ២ឱ្យដឹងថា ខណៈនេះប្រទេស ទាំងពីរកំពុងស្ថិតក្នុងការរង់ចាំស្ដាប់សេចក្ដី សម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ នៅវេលាម៉ោង ៣រសៀលថ្ងៃនេះ លើ ករណីភាគីកម្ពុជា បានដាក់សំណើទៅកាន់ តុលាការ ICJ មានចំណាត់ការការពារបណ្ដោះ អាសន្នប្រាសាទព្រះវិហារ នៅថ្ងៃទី១៨ ខែ កក្កដា នេះ។
អ្នកនាំពាក្យកងទ័ពភូមិភាគ២ បានបន្ដ ទៀតថា ស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ធម្មតាចំណែក កងទ័ពថៃ ដែលឈរជើងនៅតំបន់ ប្រាសាទ ព្រះវិហារ បានទទួលបទបញ្ជាឱ្យមានការ អត់ធ្មត់ ដោយមិនចាំបាច់ចាប់អារម្មណ៍ពី ការញុះញង់ពីភាគីកម្ពុជានោះទេ តែប្រសិន បើកម្ពុជាចាប់ផ្ដើម វាយប្រហារមកលើភាគី ថៃនោះ កងទ័ពថៃនឹងធ្វើការតបតយ៉ាង ពេញទំហឹង ដោយកងទ័ពភូមិភាគ២ថៃ បាន អះអាងថា មានការត្រៀមរួចជាស្រេចនូវ កម្លាំងទ័ព និងសញ្វវុធ ក្នុងការរក្សាអធិប តេយ្យភាពប្រទេស និងសុវត្ថិភាពប្រជាជន នៅក្នុងតំបន់។
ប្រសិនបើតុលាការ ICJ ពិតជាសម្រេច ឱ្យមានចំណាត់ការការពារបណ្ដោះអាសន្ន ប្រាសាទព្រះវិហារ តាមដែលកម្ពុជាស្នើសុំ មែននោះ កងទ័ពភូមិភាគ២ ក៏នៅតែបន្ដ ឈរជើងនៅកន្លែងដើមដដែល ទាំងនេះជា ការបញ្ជារបស់ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់ ឧឆា មេបញ្ជាការកងទ័ពជើងគោកថៃ និង ឧត្ដមសេនីយ៍ ថាវ៉ាត់ឆៃ សមុទ្រ សាខន មេទ័ពភូមិភាគ២ ដែលបានដាក់បទបញ្ជា យ៉ាងច្បាស់លាស់ថា ទាហានថៃនៅតែបន្ដ រក្សាការពារបូរណភាពប្រទេសរបស់ខ្លួន ព្រោះ តំបន់ទាំងនោះ ស្ថិតក្នុងអធិបតេយ្យ របស់ថៃ ទោះបីជាមិនទាន់មានការបោះបង្គោលព្រំដែន ច្បាស់លាស់ក៏ដោយ តែវាស្ថិតនៅក្រោម ការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២។ ដោយកងកម្លាំងទាហានភូមិភាគ២ ទាំងអស់រង់ ចាំស្ដាប់បទបញ្ជាពីឧត្ដមសេនីយ៍ ប្រាយុទ្ធ តែម្នាក់ប៉ុណ្ណោះថា តើគួរធ្វើយ៉ាងណា?
កម្ពុជាមិនបានឱ្យពលរដ្ឋត្រៀម ភៀសសឹក នោះទេ
ខណៈដែលអភិបាល ខេត្ដស៊ីសាកេតរបស់ប្រទេសថៃ ឱ្យប្រជាពលរដ្ឋរបស់ខ្លួន នៅ តាមបណ្ដាខេត្ដជាប់ព្រំប្រទល់ខ្មែរ-ថៃ ត្រៀម លក្ខណៈភៀសសឹកនោះ រីឯភាគីកម្ពុជាវិញ បានអះអាងថា មិនបានឱ្យពលរដ្ឋត្រៀម ភៀសសឹកនោះទេ ព្រោះកងទ័ពនៅតាម បណ្ដោយព្រំដែនបានត្រៀមលក្ខណៈ រួចជា ស្រេចហើយ ។
អភិបាលខេត្ដឧត្ដរមានជ័យ លោក ប៉ិច សុឃិន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលនៅ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ថា ប្រជាពលរដ្ឋនៅតាមបណ្ដោយ ព្រំដែនកម្ពុជា-ថៃ មិនបានត្រៀម លក្ខណៈ ភៀសសឹកទុកជាមុនទេ ពីព្រោះកងទ័ព កម្ពុជានៅសមរភូមិជួរមុខបានត្រៀមលក្ខណៈ និងការពារព្រំដែនរួចជាស្រេចហើយ។
លោកបន្ថែមថា កងទ័ពកម្ពុជាមិនត្រឹម តែត្រៀមការពារនៅពេលនេះទេ គឺបានត្រៀមស្វ័យការពារ ទឹកដីតាំង ពីភាគីថៃ បានវាយលុកចូលក្នុងទឹកដីកម្ពុជាតាំងពីលើកមុនមកម្ល៉េះ។
លោកបន្ដថា ខណៈនេះដែរស្ថានភាព នៅតាមបណ្ដោយព្រំដែន ជាពិសេសគឺខេត្ដ ឧត្ដរមានជ័យមានលក្ខណៈស្ងប់ស្ងាត់មិនមានអ្វីប្រែប្រួលនោះទេ។
ទន្ទឹមគ្នានេះដែរ សារព័ត៌មាន INN របស់ ថៃបានឱ្យដឹងថា អភិបាលខេត្ដស៊ីសាកេត លោក ស៊ុមសក្ដ័ បានបញ្ជាក់ថា នៅពេលនេះ សាលាខេត្ដ បានដាក់បញ្ជាដល់ប្រជាជនឱ្យ ត្រៀមខ្លួនភៀសសឹក គ្រប់ពេលវេលា បើសិន ជាមានហេតុការណ៍ផ្ទុះអាវុធ ព្រមទាំងពន្យល់ ឱ្យប្រជាជនត្រូវតាម ដានស្ដាប់ព័ត៌មានពីសាលា ខេត្ដ និងមេភូមិ ប្រសិនជាមានហេតុការណ៍ កើតឡើង ជៀសវាងការភាន់ច្រឡំ និងទទួល ព័ត៌មានមិនច្បាស់លាស់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានឈ្នះក្ដី ពីថៃក្នុងការធ្វើជាកម្មសិទ្ធលើប្រាសាទព្រះ វិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ហើយ៤៦ឆ្នាំក្រោយមក ប្រាសាទព្រះវិហារ របស់ខ្មែរ ត្រូវបានគណៈកម្មការបេតិកភណ្ឌ ពិភពលោកនាសម័យប្រជុំលើកទី៣២ របស់ អង្គការយូណេស្កូ នៅទីក្រុងកេប៊ិច ប្រទេស កាណាដា បានសម្រេចជាឯកច្ឆន្ទដាក់ជា សម្បត្ដិបេតិកភណ្ឌពិភពលោក។
មួយសបា្ដហ៍ក្រោយមក នៅថ្ងៃ១៥ ខែ កក្កដា ឆ្នាំ២០០៨ ប្រទេសថៃបានបញ្ជូនកង ទ័ពឈុត ខ្មៅជាង៥០០នាក់ ចូលលុកលុយ ឈ្លានពានប្រទេសកម្ពុជាក្បែរប្រាសាទព្រះ វិហារ ជាពិសេសកាន់កាប់ ដោយខុសច្បាប់ នៃវត្ដកែវសិក្ខាគីរីស្វារៈ ដែលមានចម្ងាយ ៣០០ម៉ែត្រពីប្រាសាទ។
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ កងទ័ព ឈុតខ្មៅ និងប៉ារ៉ារបស់ថៃបានប៉ះទង្គិចជា មួយកងទ័ពខ្មែរនៅ តំបន់នោះ បណ្ដាលឱ្យ ភាគីទាំងសងខាងស្លាប់ និងរបួសរៀងៗខ្លួន។ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០០៩ កង ទ័ពថៃទាំងពីរឯកសណ្ឋាន បានចាប់ផ្ដើមបាញ់ ផ្លោងជាថ្មីទៀតចូលទឹកដីកម្ពុជាបណ្ដាលឱ្យ ឆេះ ផ្សាររបស់ពលរដ្ឋខ្មែរទាំងស្រុងនៅក្បែរ កាំជណ្ដើរប្រាសាទព្រះវិហារ ព្រមទាំងថ្ម ប្រាសាទខ្លះ រងការខូចខាត។
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១១ ប្រទេសថៃបានចាប់ផ្ដើមធ្វើសង្គ្រាម ទ្រង់ទ្រាយធំដោយកងទ័ពរបស់ខ្លួនបានបាញ់ កាំភ្លើងធំគ្រប់ប្រភេទ ក្នុងនោះមានប្រើគ្រាប់ បែកចង្កោមផងចំនួន៤១៤គ្រាប់ បណ្ដាល ឱ្យខូចខាតថ្មប្រាសាទយ៉ាងដំណំ ផ្ទៃដីជិត ២០០គីឡូម៉ែត្រការ៉េគ្រប់ដណ្ដប់ដោយគ្រាប់ បែកចង្កោមទាហានកម្ពុជាបានស្លាប់ និងរង របួស រីឯប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានភៀសខ្លួន ពីតំបន់ប្រយុទ្ធទៅកន្លែងមាន សុវត្ថិភាព ។
ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃ៣ ខែឧសភា ឆ្នាំ២០១១ ប្រទេសថៃជាថ្មីម្ដងទៀត បានធ្វើ សង្គ្រាមទ្រង់ទ្រាយធំលាតសន្ធឹងតាមបណ្ដោយ ព្រំដែន ប្រទេសទាំងពីរចម្ងាយ២០គីឡូម៉ែត្រ រវាង ខេត្ដឧត្ដមានជ័យប្រទេសកម្ពុជា និង ខេត្ដសុរិន្ទប្រទេសថៃ ។
នៅក្នុងសង្គ្រាមនេះប្រទេសថៃបានបាញ់ គ្រាប់កាំភ្លើងធំគ្រប់ប្រភេទចូលប្រាសាទ តាមាន់និងតាក្របី និងភូមិប្រជាពលរដ្ឋក្នុង ឃុំគោកមន ស្រុកបន្ទាយអម្ពិល បណ្ដាលឱ្យ កងទ័ព និងប្រជាជន២២នាក់ បានស្លាប់បាត់ បង់ជីវិត និងរងរបួសមួយចំនួនព្រមទាំង ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ផ្សេងទៀត ភៀសសឹករកកន្លែងសុវត្ថិភាព ។
កាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១១ ខណៈដែលយោធាថៃ កំពុងបាញ់កាំភ្លើងធំ ចូលប្រាសាទព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសរសេរ លិខិតជាផ្លូវការជូនទៅប្រធានក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិ ដែលមាន ១៥ប្រទេស សុំឱ្យកោះប្រជុំជាបន្ទាន់ទាក់ ទិនទៅនឹងប្រទេសថៃ បានធ្វើសង្គ្រាមឈ្លាន ពានប្រទេសកម្ពុជា។ នៅថ្ងៃទី១៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានបើកិច្ចប្រជុំ ដោយមានវត្ដមានរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី លោក ម៉ាល់ទី ណា តាឡេហ្គាវ៉ា ជាប្រធានអាស៊ាន និងរដ្ឋ មន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ព្រមទាំងរដ្ឋមន្ដ្រីក្រសួងការរទេស ថៃ លោក កាស៊ីភារម្យា ។
អង្គប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិ បានសម្រេចឱ្យអាស៊ានដឹក នាំការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១១ រដ្ឋមន្ដ្រីក្រសួងការរទេសបានកោះ ប្រជុំក្រៅផ្លូវការនៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី ដោយបានសម្រេចបញ្ជូនអ្នក សង្កេតការណ៍ឥណ្ឌូនេស៊ី មកកាន់តំបន់ព្រំដែន ប្រាសាទព្រះវិហារទីកន្លែង ដែលកងទ័ព របស់កម្ពុជា និងថៃកំពុងប្រឈមដាក់គ្នា។
ដោយការសម្រេចបញ្ជូនត្រូវបានពន្យារ ពេល ដែលបង្កឡើងដោយភាគីថៃ កិច្ចប្រជុំ ត្រីភាគីមួយទៀត ថ្នាក់រដ្ឋមន្ដ្រីក្រសួងការ បរទេសទាំងបីត្រូវបានធ្វើឡើង នៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១១ ដោយសម្រេចជាកញ្ចប់ សម្រាប់ដោះស្រាយជំលោះប្រទេសទាំងពីរ។
កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពី មេដឹកនាំកំពូល នៃប្រទេសទាំងបី (ប្រធានា ធិបតីឥណ្ឌូនេស៊ី លោក ស៊ូស៊ីឡូ បាំងបាំង ហូដណូយូណូ នាយករដ្ឋមន្ដ្រី ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ប្រទេសថៃ លោក អាប់ ភីស៊ីតវាចាជីវ៉ា) បាន ជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១១ នៅហ្សាការតាប្រទេសឥណ្ឌូនេស៊ី៕ (រាយការណ៍បន្ថែមដោយៈ ស៊ន សុភក្ដ្រ, គង់ សុវណ្ណរ៉េត, ក. អេង គឹមជាង, ក. សេង ផល្លាភ)
Comments
Post a Comment